|
ប្រធានាធិបតីបារាំង ទទួលបានការពិត៣ចំណុចអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 09-04-2026, ដោយ Dara007 , 11 Views
ភ្នំពេញៈ លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ទទួលបានការពិត៣ចំណុចអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោយមានបានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
ប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយលោក អេម៉ាញូអែល មាក្រុង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការពិត អំពីព្រំដែនកម្ពុជា-ថៃ ដោយមិនបំផ្លើសឱ្យហួសការពិត ហើយមិនបង្រួញឱ្យតូចជាងការពិតទេ ក្នុងនោះ សម្តេចលើកឡើង៣ចំណុចសំខាន់ៗ៖ ទី១៖ ភាពតាងតឹងកំពុងបន្ដគ្របដណ្តប់តាមព្រំដែន កម្ពុជា-ថៃ ដោយសារកងទ័ពថៃ បានចូលជ្រៅហួសព្រំដែនស្របច្បាប់ មកចូលក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោយខុសច្បាប់អន្ដរជាតិ មិនទាំងប៉ុណ្ណោះកងទ័ពថៃ បានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា និងរារាំងពលរដ្ឋរាប់ម៉ឺននាក់ មិនឱ្យមានលទ្ធភាពទៅកាន់ផ្ទះវិញ។ ទី២៖ ដាច់ខាតកម្ពុជាមិនទទួលឡើយ នូវស្ថានភាពនូវការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីជាថៃ បានឈ្លានពានយកទឹកដីកម្ពុជា ក៏ទឹកដីទាំងនោះ នៅតែជាកម្មសិទ្ធស្របច្បាប់របស់កម្ពុជា។ និងទី៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រធានាធិបតីបារាំងថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា៕
|