ពិធីបើកការដ្ឋានដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដោយបានបង្កប់នូវស្មារតីមហាសាមគ្គីជាតិខ្មែរ តាមរយៈការចូលរួមគាំទ្រនិងជំរុញដំណើរការសាងសង់គម្រោងនេះទាំងមូលឱ្យសម្រេចចេញជារូបរាងឡើងនាពេលខាងមុខ ដើម្បីបម្រើជាឧត្តមប្រយោជន៍រួមដល់សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលរួមមាន៖ ផ្លូវទឹកកំណាត់ទី១៖ មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់ព្រែកពោធិ៍នៃទន្លេបាសាក់ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នផ្លូវទឹកកំណាត់ទី១នេះ សម្រេចបានវឌ្ឍនភាពការងារសំខាន់ៗដូចជា បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះបង្គោលព្រំដីចំនួន ១៥៥ ដោយទទួលបានការឯកភាពរួចរាល់ពី សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ផ្លូវទឹកកំណាត់ទី១នេះ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះ ក្រុមការងារជំនាញ បានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់ ដោយគ្រោងចំណាយថវិកាដោះស្រាយប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។ ផ្លូវទឹកកំណាត់ទី២៖ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននាពេលនេះ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ភូមិសាស្រ្ត ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ប្រវែង ៣៣គ.ម ខេត្តតាកែវ ប្រវែង ៥៣គ.ម ខេត្តកំពត ប្រវែង ៤៨,៧គ.ម និងខេត្តកែប ប្រវែង ១៦,៩គ.ម។
គម្រោងនេះមានជម្រៅទឹកប្រមាណ ៤,៧ម៉ែត្រ (ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេមេគង្គ និងសមុទ្រ) ទទឹងផ្លូវទឹក ៦០ម៉ែត្រ កាំកំណោងអប្បបរមា ៥៨០ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យប្រភេទនាវាមានទម្ងន់ផ្ទុករហូតដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើនាវាចរណ៍និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះ នឹងត្រូវសាងសង់នៅលើតម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់ ប្រវែង ៣៨,៦គ.ម, និងផ្លូវទឹកជីកថ្មី ប្រវែង ១១៣គ.ម ក្នុងនោះផ្លូវទឹកជីកតម្រង់កុំឱ្យកោងពេក ប្រវែង ៥,៥គ.ម និងការសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ២កន្លែង ដែលស្ថិតនៅខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាបប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសាងសង់ស្ពានចំនួន ៦កន្លែង ទីតាំងបោះយុថ្កាចំនួន ៥កន្លែង បំពង់បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩កន្លែង ទ្វារទឹកចំនួន ៦៩កន្លែង ការបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗបន្ថែមទៀត។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១% និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន ចំនួន ៤៩%។ បច្ចុប្បន្នការងារបោះបង្គោលព្រំដីសម្រាប់កំណាត់ទី២ នេះ មានចំនួន ១៧៦៥បង្គោល បានបញ្ចប់ជាស្ថាពរ និងទទួលបានការឯកភាពពី សម្តេចធិបតីនាយករដ្ឋមន្ត្រី លើផែនទីកំណត់និយាមកាផ្លូវការនៃតម្រាយផ្លូវរបស់គម្រោងនេះ និងបានបញ្ចប់ការពិនិត្យវាស់វែងក្បាលដីដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា ដោយជាលទ្ធផល រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយទំហំផលប៉ះពាល់នៃគម្រោងមកនៅត្រឹម ២១៦,៩៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសបានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវសុក្រឹតភាពខ្ពស់លើការកំណត់ ទីតាំងនិយាមកា ព្រមទាំងមានការពិភាក្សាបន្ថែមជាបន្តបន្ទាប់ លើករណីពិនិត្យឃើញ មានផលប៉ះពាល់ក្នុងពេលអនុវត្តការងារជាក់ស្តែង។
ក្រៅពីការគិតគូរអំពីបច្ចេកទេសសាងសង់ និងធ្វើប្រតិបត្តិការគម្រោង ក្រុមការងារបច្ចេកទេសក៏បានរៀបចំផែនការមេអភិវឌ្ឍន៍ច្រករបៀងខ្សែក្រវ៉ាត់សេដ្ឋកិច្ចហ្វូណនតេជោ សំដៅប្រែក្លាយតំបន់នៅអមសងខាងព្រែកជីក ឱ្យកា្លយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ តំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញទេសចរណ៍ ដែលនាំមកនូវឱកាសជាយុទ្ធសាស្ត្រថ្មីសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម នាពេលអនាគត។
សូមបញ្ជាក់ថា បន្ទាប់ពីគម្រោងបានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗបន្ថែមទៀតក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូចជា អាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញព្រែកជីក ក៏អាចជួយធ្វើឱ្យតំបន់នេះមានភាពទាក់ទាញសម្រាប់វិនិយោគ និងទេសចរណ៍ បង្កើនការតភ្ជាប់រវាងតំបន់និងជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាពផងដែរ៕