នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការ រហូតដល់ទទួលបានលទ្ធផលជាទីមោទនៈ ដោយឯកឧត្តមមានប្រសាសន៍ថា ប្រធានបទទាំងបីនេះគឺសុទ្ធតែសំខាន់ដែលក្រសួងបានធ្វើការបោះពុម្ពផ្សាយកន្លងមកហើយដែរ ហើយសង្ឃឹមថា អង្គប្រជុំនៅពេលនេះនឹងផ្តល់ជាធាតុចូលបន្ថែមទៀតដើម្បីពង្រឹងគុណភាព និងធ្វើបច្ចុប្បន្នភាពលើទស្សនវិស័យមុខរបរនិងការងារឱ្យកាន់តែល្អប្រសើរសម្រាប់ជាប្រយោជន៍ដល់ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាពិសេសពីចំណុចនៃតម្រូវការទីផ្សារ គម្លាតជំនាញ និងការបែងចែកតួនាទីឱ្យកាន់តែល្អប្រសើរជាដើម។ ដើម្បីជួយតម្រង់ទិសសិក្សាដល់សិស្សានុសិស្សចាប់ពីកម្រិតអនុវិទ្យាល័យទៅ លោក ហេង សួរ បញ្ជាក់ពីគម្រោងការដាក់ឱ្យអនុវត្តសាកល្បងនៃកម្មវិធី «គន្លងអប់រំថ្មី» សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗចំនួន២១ នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួននៅជិតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិទ្យាល័យ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ។
កម្មវិធីនេះនឹងត្រូវអនុវត្តដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់ដោយក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយលទ្ធផលនៃការអនុវត្តសាល្បងនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបន្តនាពេលក្រោយទៀត។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ចំពោះ RPL វិញគឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។
លោកបានចាត់ទុក RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់។
ទន្ទឹមនេះ លោក ហេង សួរ បានជំរុញឱ្យមានការចូលរួមផ្សព្វផ្សាយពីចុះឈ្មោះចូលរៀនកម្មវិធី TVET ក៏ដូចជាចុះឈ្មោះក្នុងកម្មវិធី RPL ព្រមទាំងជំរុញឱ្យសមាជិក សមាជិកា NTB បន្តបេសកកម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក៕