សម្ដេចធិបតី បានលើកទឹកទឹកចិត្ដឱ្យក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ដជាប់ព្រំដែនត្រូវគិតគូរការិយាល័ទំនាក់ទំនង និងមានរៀបចំស្នាក់ការត្រឹមត្រូវ មន្រ្ដីទទួលបន្ទុកការងារច្បាស់លាស់ក្នុងការទំនាក់ទំនងជាមួយប្រទេសជិត ដើម្បីសំដៅធ្វើយ៉ាងណាទប់ស្កាត់បង្រ្កាបទាន់ពេលរាល់បទល្មើសនៃការចរាចរណ៍គ្រឿងញៀន សារធាតុគីមីផ្សំ និងជនឧក្រិដ្ឋគ្រឿងញៀនឆ្លងកាត់ព្រំដែន។
សម្ដេចធិបតី គូសបញ្ជាក់ថា បរិបទសកលកំពុងស្ថិតនៅក្នុងសភាពផុយស្រួយដោយសារ ការប្រកួតប្រជែងដណ្ដើមភូមិសាស្រ្តនយោបាយកត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចលើពិភពលោក និងសង្គ្រាម បានធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើនសកម្មភាពដាំដុះ និងផលិតគ្រឿងញៀនក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាម៉េរិកខាងត្បូង។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ដើម្បីកាត់ផ្ដាច់ចរន្ដនៃក្រុមគ្រឿងញៀនអន្ដរជាតិឆ្លងដែន។
ជាមួយគ្នានេះ សម្តេចធិបតីណែនាំឱ្យភូមិ ឃុំ ស្រុក ខេត្ដទាំងអស់ ត្រូវបោសសម្អាតគ្រឿងញៀនឱ្យអស់ពីសហគមន៍ ដោយត្រូវបង្ក្រាប ចំពោះបទល្មើសគ្រឿងញៀន ប្រើប្រាស់ ចែកចាយ រក្សាទុក និងកែច្នៃ និងចៀសវាងការដោះលែងជនឧក្រិដ្ឋដោយខុសច្បាប់ ដើម្បីធានាការពារយុវជន និងកសាងសង្គម សេដ្ឋកិច្ចកម្ពុជា។
តាមរបាយការណ៍បានបង្ហញថា នៅឆ្នាំ២០២៥ លទ្ធផលបង្រ្កាបបទល្មើសជារួមមានការកើនឡើង១,០៦% ប៉ុន្ដែបរិមាណគ្រឿងញៀនចាប់យក ថយចុះ៦០,៤៥% បើប្រៀបធៀបឆ្នាំ២០២៤ ក្នុងនោះ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៥៤% (ភាគឦសាន៖ នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រមាណ៤៨% និងភាគពាយ័ព្យ៖ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមាណ៦%) តាមផ្លូវអាកាស ប្រមាណ១% តាមបញ្ញើប្រៃសណីយ៍ ប្រមាណ១% ករណីកែច្នៃផលិត ប្រមាណ៣៩% និងករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ក្នុងផ្ទៃប្រទេស ប្រមាណ៥%។ ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន និងហេរ៉ូអ៊ីន មានប្រភពពីតំបន់ត្រីកោណមាស ដោយឡែក កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូងនិងអាមេរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។ ផ្អែកតាមរបាយការណ៍នេះបរិមាណគ្រឿងញៀនប្រមាណ៨០ ទៅ៨៥% ត្រូវបានចរាចរ ក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣ និងមានតែ១៥ ទៅ២០%ប៉ុណ្ណោះ ដែលប៉ុនប៉ងជួញដូរ នៅក្នុងប្រទេសកម្ពុជា៕