|
ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន Guo Binfen នៅខេត្តកំពង់ស្ពឺ ល្មើស នឹងច្បាប់បរិស្ថាន
ថ្ងៃទី ៖ 06-03-2026, ដោយ Dara007 , 73 Views
កំពង់ស្ពឺៈ លោក ចាប យុធី អនុប្រធាននាយកដ្ឋាន នៃក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចុះត្រួតពិនិត្យនិងរកឃើញក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កផលប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មានលក្ខណៈប្រាស់ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឲ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)។
ជាមួយគ្នានេះក្រុមហ៊ុនបាន ដំណើរប្រតិបត្តិការអាងសម្អាត ពុំអនុលោមតាមគោលកាណ៍បច្ចេកទេស និងម្យ៉ាងទៀត សមត្ថភាពអាងសម្អាត មានលក្ខណៈមិនឆ្លើយតបនឹងបរិមាណសំណល់រាវ ដែលបង្កើតមានជាក់ស្តែង ល្មើសនឹងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
កន្លងមកនេះក្រុមហ៊ុនបានបញ្ចេញសំណល់រាវលើសស្តង់ដារ ល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ចំពោះបទល្មើសខាងលើក្រសួងបរិស្ថានបានចាត់វិធានការអនុវត្តបន្ត ចំពោះក្រុមហ៊ុន មួយចំនួនដូចតទៅ៖ ១-ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវពីផ្នែកផលិតកម្ម ទៅស្តុកក្នុងស្រះដី ដែលស្ថិតនៅក្រៅបរិវេណទីតាំងក្រុមហ៊ុន ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន (ប្រភពទឹកក្រោមដី និងក្លិនស្អុយ) និងដីស្រែប្រជាពលរដ្ឋ។ ២-ត្រូវពិនិត្យ និងរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្អាតសំណល់រាវ ឆ្លើយតបនឹងស្តង់ដារ។ ៣-ត្រូវពិន័យអន្ដរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា ១៥៦ មាត្រា ១៦១ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ៤-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងរបាយការណ៍បញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕
|