សម្ដេចធិបតី មានប្រសាសន៍ថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប់ជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ ដើម្បីធ្វើយ៉ាងណាលើកមុខមាត់កម្ពុជា ដោយមិនធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ។ជាពិសេស ការអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងប៉ះពាល់ផ្ទាល់ទៅដល់ក្រុមអ្នកទទួលផលសេដ្ឋកិច្ចខ្មៅ ខណៈចំណូលនៃសេដ្ឋកិច្ចទាំងពីរនេះមិនបានចូលមករាជរដ្ឋាភិបាលឬបដិភាគដល់ GDP កម្ពុជានោះទេ។
សម្ដេចធិបតី គូសបញ្ជាក់ថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើង បន្ទាប់ពីការងារនេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើតាំងតែពីអាណត្តិមុនមកម្លេះ។
ជាមួយគ្នានេះ សម្តេចធិបតីបានទទួលស្គាល់ថា កម្ពុជាមិនទាន់បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញអស់នោះទេ ប៉ុន្ដែគឺកម្ពុជាត្រូវបន្ដបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះឱ្យបានជាប់ជាប្រចាំ ដើម្បីធ្វើឱ្យបទល្មើសនេះចេញពីកម្ពុជាឱ្យអស់។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើងឱ្យទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ សម្តេចធិបតីបានក្រើនរំលឹកកុំឱ្យប្រជាពលរដ្ឋមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឱ្យសោះ ទោះបីជាទទួលបានប្រាក់ច្រើនយ៉ាងណាក៏ដោយ ដើម្បីជៀសវាងប្រឈមមានទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ជាង១ម៉ឺនគ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ជាង៣ម៉ឺន គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ៕