|
កម្ពុជា បណ្ដេញចេញជនបរទេស២២៥នាក់ចេញពីកម្ពុជា
ថ្ងៃទី ៖ 19-02-2026, ដោយ Dara007 , 50 Views
ភ្នំពេញៈ នៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ២២៥នាក់ (ស្រី ៣៨នាក់) មាន ១៣សញ្ជាតិ រួមមាន ចិន ហ្គាណា កេនយ៉ា ម៉ាឡេស៊ី ចិនតៃវ៉ាន ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យ៉ូហ្គង់ដា ស្រីលង្កា ហ្វីលីពីន វៀតណាម និងហ្ស៊ីមប៉ាវេ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
|