|
សម្តេចធិបតី៖ ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់
ថ្ងៃទី ៖ 18-02-2026, ដោយ Dara007 , 51 Views
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ “កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមចាប់ផ្តើមធ្វើការនៅតាមព្រំដែនដែលមានជម្លោះ”។
ប្រាប់ទៅសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពថ្មីនេះអាចមានតួនាទីក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលសម្តេចបានពណ៌នាថា «មានភាពផុយស្រួយ» បើទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ចប់ការប្រយុទ្ធឡើងវិញក៏ដោយ។
សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២១ថ្ងៃ (៧-២៧ ធ្នូ ២០២៥)។ ពិតមែនតែបច្ចុប្បន្នមិនមានការផ្ទុះអាវុធតទៅទៀត ប៉ុន្តែថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។ បន្ថែមពីលើនេះ ទាហានឈ្លានពានថៃបានបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាត និងប្តេជ្ញាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំងឡើយ៕
|