|
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារថ្មីព្រឹទ្ធសភា
ថ្ងៃទី ៖ 23-01-2026, ដោយ Dara007 , 3 Views
ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា បានអញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារថ្មី ព្រឹទ្ធ សភាកម្ពុជា ដែលទើបសាងសង់រួចរាល់។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានទី១ ទី២ និងសមាជិកព្រឹទ្ធ សភា ផងដែរ។ អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការ ដ្ឋាន សាង សង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង៤៧ម៉ែត្រ មាន កម្ពស់ បួនជាន់ សម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាល ប្រជុំ ព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនានា។ ការសាងសង់អគារថ្មីនេះ បានប្រើប្រាស់ថវិកាដែលទទួលបានពីការចូលរួមវិភាគទាន របស់ សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។
ក្នុងពិធីក្រុងពាលីចម្រើនព្រះបរិត្តនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាទៀនធូប ថ្វាយផ្ញាផ្ញី ផល្លានុផល និងគ្រឿងរណ្តាប់នានា ដល់ម្ចាស់ទឹកម្ចាស់ដី និងព្រះរតនត្រ័យ និងមានការសូត្រមន្តប្រោសព្រំសុំសិរីសួស្តីទៅតាមប្រពៃណីរបស់ខ្មែរ។ បន្ទាប់ពីសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តហើយនោះ អគារថ្មីព្រឹទ្ធសភាកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕
|