|
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជារឱ្យមន្រ្ដីក្រោមឱវាទ បង្ក្រាបទីតាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន
ថ្ងៃទី ៖ 22-01-2026, ដោយ Dara007 , 32 Views
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជារដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកបន្ទាយមានជ័យ បង្ក្រាបទីតាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន ដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) រសៀលថ្ងៃព្រហសប្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជារដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវតែធ្វើការបង្ក្រាបទីតាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន។
លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា បើអាវុធហត្ថរូបណាដែលមានការពាក់ព័ន្ធទៅនឹងបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មេីសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) មិនត្រូវបានលេីកលែងឡេីយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់៕
|