|
ក្រសួងវប្បធម៌ ប្រឆាំងសកម្មភាពនានារបស់ថៃមកលើប្រាសាទតាក្របី
ថ្ងៃទី ៖ 22-01-2026, ដោយ Dara007 , 5 Views
ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តប្រកាសតវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានា ជិតប្រាសាទ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាង ទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈ ទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
ក្រសួងវប្បធម៌ ប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការ ឈ្លានពាន កាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។
ក្រសួងចាត់ទុកថា សកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយ ប្រើប្រាស់កម្លាំង។ ក្រសួងវប្បធម៌ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយ សន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ៕
|