លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកទី២ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) នារសៀលថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំលើកទី២នេះ មានគោលបំណងសំខាន់ៗ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពដែលសម្រេចបានក្រោមកម្មវិធី DEY III ក្នុងឆ្នាំ២០២៥ រួមទាំងបញ្ហាប្រឈមចម្បងៗ ផែនការការងារឆ្នាំ២០២៦ និងថវិការបស់កម្មវិធី DEY III សម្រាប់ឆ្នាំ២០២៦ ព្រមទាំងផ្តល់អនុសាសន៍នានា ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍជំនាញ និងការងារសមរម្យសម្រាប់យុវជន។
ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្មវិធី DEY III សម្រេចបានសមិទ្ធផលជាទីគាប់ចិត្ត ជាពិសេសការសម្រេចបានទិសដៅការងារអាទិភាពក្នុងការពង្រឹងប្រព័ន្ធការងារ TVET បង្កើនលទ្ធភាពទទួលបានការងារសមរម្យ និងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្មវិធីបានជួយគាំទ្រយុវជនសរុបចំនួន ៤ ៦៦៣នាក់ ឱ្យទទួលបានការងារសមរម្យ តាមរយៈវគ្គបណ្តុះបណ្តាល TVET និងកិច្ចអន្តរាគមន៍នានា ដោយក្នុងនោះ មានស្ត្រីរហូតដល់ ៥៣% និងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ចំនួន ៣១៧នាក់ (ស្ត្រី ៣៧%) រួមទាំងជនមានពិការភាពផងដែរ។
ការអនុវត្តកម្មវិធី DEY III ក្នុងឆ្នាំ២០២៦ កម្មវិធីក៏នឹងពិចារណា ក្នុងការផ្តល់ការគាំទ្រដល់ពលករចំណាកស្រុកដែលត្រឡប់ពីបរទេសវិញឱ្យទទួលបានការងារ ដើម្បីគាំទ្រការខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដៃគូអង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការសម្រេចបាននូវសមិទ្ធផលការងារតាមការគ្រោងទុក ក៏ដូចជាទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានបន្តគាំទ្រហិរញ្ញប្បទានដល់កម្មវិធីនេះ។
ទន្ទឹមនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធី DEY III ក្នុងការធានាការងារសមរម្យសម្រាប់យុវជន និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងឆ្លើយតបតាមតម្រូវការទីផ្សារ ក៏ដូចជា វឌ្ឍនភាពដែលសម្រេចបានពីការអនុវត្តកម្មវិធី TVET 1.5M។ លោកក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ជាពិសេសការកៀរគរយុវជនដែលបោះបង់ការសិក្សា និងយុវជនកំពុងបំពេញការងារនៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមិនទាន់ចុះបញ្ជី ឱ្យចុះឈ្មោះចូលរៀនកម្មវិធី TVET ទោះបីជាក្រសួងបានផ្តល់ភាពងាយស្រួល តាមរយៈការរៀបចំម៉ោងសិក្សាជាច្រើនវេន ដែលរួមមានទាំងវេនយប់ និងចុងសប្តាហ៍ក៏ដោយ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី និងលោកស្រី Xiaoyan Qian បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ពិនិត្យនូវរាល់លទ្ធផលរំពឹងទុក និងវិធីសាស្ត្រអនុវត្តការងារសម្រាប់ផែនការការងារឆ្នាំ២០២៦។ ការជំរុញនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការជួយជ្រោមជ្រែងដល់ក្រុមគោលដៅ និងយុវជនទទួលផលពីគម្រោង ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកស្រី Xiaoyan Qian បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក ជាពិសេសបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចាត់វិធានការយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការគាំទ្រដល់អតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍៕