ថ្លែងក្នុងឱកាសប្ររព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្ដរជាតិលើកទី៤៣ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ លោកសន្ដិបណ្ដិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមធ្វើការបំផុសជាចលនាជាតិ និងស្មារតីរួមមួយក្នុងសង្គមកម្ពុជា មិនថាវិស័យរដ្ឋ ឬឯកជនក្តី និងបងប្អូនជនរួមជាតិគ្រប់វ័យ គ្រប់ស្រទាប់ទាំងអស់ សូមចូលរួមលើកកម្ពស់សិទ្ធិ ផ្តល់ក្តីស្រលាញ់ ក្ដីអាណិតអាសូរ និងផ្តល់កិត្តិយស ព្រមទាំងផ្តល់ឱកាសដល់ជនមានពិការភាព ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ កន្លងទៅយើងមានការកំណត់នានា សម្រាប់ជាអាទិភាពដល់ជនមានពិការភាព ដូចជាអាទិភាពក្នុងការបម្រើការងារក្នុងគ្រឹះស្ថានរដ្ឋនិងឯកជន ការរៀបចំផាសុកវត្ថុ និងហេដ្ឋា រចនាសម្ព័ននានា ដើម្បីសម្រួលដល់បងប្អូនជនមានពិការភាព ។ បន្ថែមពីលើនេះទៀត អ្វីដែល លោកចង់បានបន្ថែមទៀតនោះ គឺសូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមអនុវត្តនូវកិច្ចការទាំងនេះ ដោយចេញពីផ្នត់គំនិត ចេញពីចិត្ត និងពីស្មារតីតែម្តង គឺមិនត្រឹមតែជាការកំណត់នោះទេ។
មានន័យថា ឧទាហរណ៍ពេលដែលម្ចាស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកចូលបម្រើការងារ គឺត្រូវយកចិត្តទុកដាក់ ថាតើមានជនពិការដាក់ពាក្យសុំបម្រើការងារទេ? តើមានផ្នែកណាមួយដែលគាត់ អាចធ្វើបានទេ? ពោលគឺត្រូវមានស្មារតីមួយ ធ្វើយ៉ាងណាផ្តល់ឱកាសជូនពួកគាត់ឱ្យអស់ពីលទ្ធភាព ឧទាហរណ៍ពេលរៀបចំបើកអាជីវកម្មណាមួយ តើមានគិតគូរហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ងាយស្រួលសម្រាប់បងប្អូនជនមានពិការភាពដែរឬទេ?- ឧទាហរណ៍ពេលឃើញបងប្អូនជនមានពិការភាព ជួបផលវិបាកនៅតាមទីសាធារណៈនានា ត្រូវមានសន្តានចិត្តជួយយកអាសាពួកគាត់តាមលទ្ធភាព។
លោកក៏ណែនាំ ក្រសួងសង្គមកិច្ច ត្រូវបន្តជំរុញឱ្យវិស័យឯកជន និងអង្គការសង្គមស៊ីវិលទទួលយកជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ និងត្រូវពិន័យអន្តរកាណ៍ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គការសង្គមស៊ីវិលណាដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ផងដែរ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត -ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨- ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា។ម្យ៉ាងវិញទៀត គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំអនុវត្ត “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន និងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ៕