|
តុលាការ រឹបអូសរថយន្តម្ចាស់សាលាសុវណ្ណភូមិ ក្រោយគេចវេសមិនដោះស្រាយថ្លៃព្យាបាលសិ្សសរបួសភ្នែក
ថ្ងៃទី ៖ 02-12-2025, ដោយ Dara007 , 52 Views
ភ្នំពេញៈ តុលាការ សម្រេចរឹបអូសរថយន្តម្ចាស់សាលាសុវណ្ណភូមិ ក្រោយគេចវេសមិនដោះស្រាយថ្លៃព្យាបាលសិ្សសរបួសភ្នែក ដោយសារខ្មៅដៃ បង្កឡើងដោយកុមារាម្នាក់ទៀត រៀននៅសាលាសុវណ្ណភូមិ។
លោកស្រី សន កញ្ញា បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកស្រីបានជម្នះការលំបាកជាច្រើនទាំងការសង្គ្រោះកូន តាំងពីពេលកើតហេតុ និងការពិនិត្យព្យាបាលជាបន្តបន្ទាប់។
លោកស្រីសង្ឃឹមថា ឧកញ៉ា ជា ធីឡាយ នឹងទទួលយកការសម្រេចរបស់តុលាការទៅអនុវត្តដោយស្ម័គ្រចិត្ត ឱ្យសក្តិសមនឹងកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក ចៀសវាងបន្តអូនបន្លាយកាន់តែយូរ! លោកស្រី បញ្ជាក់ថា ខ្លួននឹងរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិ នៅបន្តគេចវេះពីការទទួលខុសត្រូវបន្តទៀតឬទេ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ គណនីស្រ្តីឈ្មោះ សន កញ្ញា ជាអាណាព្យាបាលកុមារា ញ៉ឹប ចេស្ដា បានបង្ហោះសាររកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់ ដែលរបួសភ្នែកដោយសារខ្មៅដៃ បង្កឡើងដោយកុមារាម្នាក់ទៀត រៀននៅសាលាសុវណ្ណភូមិ សាខាចម្ការដូងទី ១ ជាមួយគ្នា តែពេលនោះគ្រូបន្ទុកថ្នាក់ទាំងពីរនាក់ពុំបានយកកុមារឈ្មោះ ញ៉ឹប ចេស្ដា ទៅបន្ទប់សង្គ្រោះបឋមទេ បែរជានាំយកកុមាររងគ្រោះចេញមកខាងមុខសាលា រង់ចាំអាណាព្យាបាលមកទទួលទៅវិញ ទើបបណ្ដាលឱ្យស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរ៕
|