ប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ កំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់មាតុភូមិដោយសុវត្ថិភាព នាពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោក មាស សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចបវរធិបតី ក៏បានចែករំលែក នូវការយល់ឃើញរបស់សម្ដេច អំពីមធ្យោបាយ ក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិករួមមាន៖ ការអនុវត្ដពហុភាគីនិយម គឺទាមទារនូវការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ចំពោះកិច្ចសន្ទនា, ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្ន»។
លោក មាស សុភ័ណ្ឌ បានបន្ថែមទៀតថា សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ការជួបជុំរបស់បណ្ដារដ្ឋនាពេលនេះ គឺជាការអំពាវនាវដល់ម៉ឺងម៉ាត់ ឲ្យមានការចាត់វិធានការនូវ ចំពោះមុខភូមិសាស្ដ្រនយោបាយ ដែលកាន់តែស្មុគស្មាញ និងកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។
សូមបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញ ទៅ ប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅ ប្រទេស ចិននេះ ធ្វើឡើងតបតាមការអញ្ជើញ របស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។ ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ ខាង លើ ហើយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖
* ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕