ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀល ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។
លោកបានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។
សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចតេជោ ក៏បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។ សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។
សម្ដេចបានបង្ហាញនូវការពេញចិត្ត និងកោតសរសើរផងដែរចំពោះភាពរីកចម្រើនរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋសភាវៀតណាម បានអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍លើកឡើងត្រង់ទៅ ត្រង់មក។
លោកក៏បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយលោកបានកត់សម្គាល់ឃើញថាកាលពីឆ្នាំ២០២៤ លោកបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមក កម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកក៏បានមើលឃើញពីកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន៕