ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តពង្រឹងរបៀបរបបការងារនគរបាល និង សហគមន៍ដែលជាវិធានចលករដ៏សំខាន់ក្នុងការកៀរគរ ការគាំទ្ររបស់ប្រជាពលរដ្ឋចូលរួមកាន់តែខ្លាំងក្លា ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាអតិបរមាចំពោះ បទល្មើសគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ, ដូចជា អំពើលួច, ឆក់ប្លន់, អំពើជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យាព័ត៌មានទំនើប, អំពើជួញដូរមនុស្ស, ក្មេងទំនើង, អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យសង្គមជាតិមានវិបុលសុខប្រកបដោយចីរភាព។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំកិច្ចដំណើរការរបស់ជាតិ សម្រេចបានជោគជ័យយ៉ាងធំធេងក៏ដោយ, ប៉ុន្តែយើងនៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន អាស្រ័យដោយសភាពការណ៍នយោបាយ, បញ្ហាសង្គ្រាម ជម្លោះរវាងបណ្ដាប្រទេសនានា ក្នុង តំបន់ និង សកលលោក ការដណ្តើមភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ, ជាពិសេស សង្គ្រាមពាណិជ្ជកម្មនាពេលថ្មីៗនេះ បាន និង កំពុងបន្តវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ និង ពិបាកប៉ាន់ស្មានបាន។
សម្តេចមហាបវរធិបតីមានប្រសាសន៍ថា សភាពការណ៍បទល្មើសច្រើនប្រភេទបាននិងកំពុងវិវត្តហួសពីបទល្មើសប្រពៃណី ទៅជាបទល្មើសឌីជីថល ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានទំនើប ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសបោកបញ្ឆោតតាមអនឡាញ, ការជួញ- ដូរមនុស្ស សកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សុទ្ធសឹងជាបញ្ហាមានលក្ខណៈសកលបង្កឱ្យមានអស្ថិរភាពសង្គម វិបត្តិនយោបាយ សេដ្ឋកិច្ច ស្បៀងអាហារ, មនុស្សធម៌ ដែលជះឥទ្ធិពលដល់សកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។
សម្តេចមហាបវរធិបតី បានបន្ថែមថា បញ្ហាប្រឈមទាំងនេះ គឺជាវិញ្ញាសាដ៏ស្មុគស្មាញដែលកងកម្លាំងនគរបាលជាតិមានភារកិច្ច ទទួលខុសត្រូវ និងចូលរួមក្នុងស្មារតីបុរេសកម្មប្រកបដោយសហថាមពល ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលជាបុព្វបទចាំបាច់បំផុតមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ៕