ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុកបានចាក់ប្រេងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតី បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកវិភាគ ឬបណ្ឌិត ជើង១០ ភ្នែក៣ និងទណ្ឌិតជើង១០ភ្នែក៥ ពួកគេអង្គុយរិះគន់ពីក្រៅប្រទេសមកកម្ពុជា តាមរយៈកាំមេរ៉ាមួយ ភ្នែកពីរដោយមិនដឹងរឿងអ្វីទាល់តែសោះ ប៉ុន្ដែពួកគេអះអាងថា ពួកគេស្រឡាញ់កសិករ ខណៈសកម្មភាពពួកគេ គឺដើម្បីកេងចំណេញផលប្រយោជន៍ ដើម្បីបម្រើរផលប្រយោជន៍នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
សម្ដេចបវរធិបតី អះអាងថា ទណ្ឌិតជើង១០ ភ្នែក៥ មួយថ្ងៃៗឃើញតែក្រវ៉ាត់ក ដើរទៅជួបប្រទេសនេះប្រទេសនោះ ដើម្បីតែស្នើឱ្យគេកាត់ជំនួយនេះ ជំនួយនោះពីកម្ពុជា ហើយប្រកាសថាស្រឡាញ់ ប្រជាជនកម្ពុជាណាស់។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បន្ថែមថា បើអ្នកវិភាគ ឬបណ្ឌិត ជើង១០ ភ្នែក៣ និងទណ្ឌិតជើង១០ ភ្នែក៥ អ្នកស្រឡាញ់ប្រជាជនហេតុអ្វីអ្នកមិនទៅស្នើឱ្យគេជួយកម្ពុជា និងជួយប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្ដេចបវរធិបតី បានប្រកាសថា រាជរដ្ឋាភិបាលផ្ដល់ទុន៣០លានដុល្លារបន្ថែមទៀត ទៅដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីចុះជួយទិញស្រូវប្រជាពលរដ្ឋសម្រាប់ធ្វើយ៉ាងណាកុំឱ្យផ្សារស្រូវរបស់ប្រជាពលរដ្ឋជាប់គាំងផងដែរ៕