សម្តេចធិបតី និងលោកជំទាវ ចូលរួមថវិកាឧបត្ថម្ភ៤០លានរៀល ដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន នៃCMACពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន
ថ្ងៃទី ៖ 17-01-2025, ដោយ Dara007 , 63 Views
ភ្នំពេញៈ លោក មែ ស៊ីថន នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។
ក្នុងពេលជួបជាមួយក្រុមគ្រួសារនៃសព លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើផ្ទាល់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារនៅក្នុងឧបទ្ទវហេតុនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
|