ជំនួបរដ្ឋមន្រ្តីទេសចរ និងទូតអ៊ីរ៉ង់ ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អ៊ីរ៉ង់
ថ្ងៃទី ៖ 16-01-2025, ដោយ admin , 53 Views
ភ្នំពេញ : ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ នឹងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា លោក Ali Akbar Nazari កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ភាគីទាំងពីរបានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អ៊ីរ៉ង់ ។ បន្ថែមពីនោះ ភាគីទាំងពីរក៍បានពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់ និងជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយជាមួយក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មអ៊ីរ៉ង់ ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អ៊ីរ៉ង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរអ៊ីរ៉ង់ដែលត្រូវការទៅមកប្រទេសទាំងពីរ៕
|