លោកបន្ដថា ក្រុមនេះ គឺឱ្យតែមានករណីអ្វីកើតឡើងមិនថាជាអំពើឃាតកម្ម បែកបាក់ផ្ទៃក្នុងខ្លួន រួមទាំងគ្រោះថ្នាក់ចរាចរ ឬក៏ការវាយគ្នាអ្វីក៏ពួកក្រុមប្រឆាំងរត់ចោលស្រុកបានចោទប្រកាន់រាជរដ្ឋាភិបាលដែរ។ ចំណុចនេះលោកថា នេះគឺជាជំនាញរបស់ពួកគេហើយ ក្នុងការបំផ្លើសបំផ្លៃការពិត ។ ដូច្នេះគ្មានអ្វីចម្លែកនោះទេ រឿងកើតឡើងលើទឹកដីគេសោះ បែរជាមកភ្ជាប់ជាមួយរាជរដ្ឋាភិបាលទៅវិញ ។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាអំពើខុសច្បាប់រំលោភបំពានសិទ្ធិសេរីភាពកិត្តិយសរបស់អ្នកដទៃជាថ្មីទៀតដែលសបញ្ជាក់ថា ការចាត់វិធានការទៅលើពួកគេកន្លងមកជារឿងត្រឹមត្រូវ ។
លោកបន្តថា ដោយសារតែអំពើល្មើសច្បាប់របស់ពួកគេជាប្រព័ន្ធនេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រអស់ជំនឿទុកចិត្តទៅលើពួកគេ ហើយងាកមករួមរស់ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លោក លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដែលត្រូវគេដឹងថា ជាអតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ Ekkalak Pheanoi ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក បានបាញ់សម្លាប់កាលពីវេលាម៉ោង១៧ និង៤៥នាទីល្ងាចថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។ ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជាបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី៨ មករា វេលាម៉ោង១៣ និង៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕