ក្នុងពិធីសំណេះសំណាល និង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់ក្បាលដីចំនួន ២,២៤៣ប័ណ្ណ ក្នុងស្រុកសៀមបូក នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ សាលាស្រុកសៀមបូក លោក ផៃ ប៊ុនឈឿន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬអ្វីដែលគេហៅថាប័ណ្ណកាន់កាប់ដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ និងជាភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ ឬការកាន់កាប់ ដោយស្របច្បាប់។
លោកបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដំណាក់កាលទី១ ដែលយើងត្រូវបំពេញការងារជាគន្លឹះ ហើយការចែកប័ណ្ណជូនប្រជាពលរដ្ឋនេះក៏ជា គោលនយោបាយមួយក្នុងការបញ្ចប់ការវិវាទដីធ្លីផងដែរ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា: ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ ម្ចាស់ក្បាលដីនៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការអនុវត្តយុទ្ធសាស្ត្រដឹកនាំរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោក បានណែនាំតាមបណ្តារាជធានីខេត្ត និងមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងពាក់ព័ន្ធទាំងអស់រួមគ្នាបញ្ចប់ការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងទទួលបាននូវប្រសិទ្ធផលឆ្លើយតបនិងបំណង របស់ប្រជាពលរដ្ឋ។
លោក សួង ហ៊ី អភិបាលស្រុកសៀមបូកបានឲ្យដឹងថា: ពាក់ព័ន្ធនិងយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បច្ចុប្បន្នរដ្ឋបាលស្រុកបាននិងកំពុងចិត្តទុកដាក់ជាខ្លាំង ក្នុងការអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី តាមយន្តការ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជាពិសេស បាននិងកំពុងយកចិត្តទុកដាក់សហការជាមួយមន្ទីរ រៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំកោះសំពាយ ឃុំស្រែក្រសាំង ឃុំកោះស្រឡាយ និងបន្តទៅឲ្យបានគ្រប់ឃុំ ក្នុងស្រុកសៀមបូកផងដែរ៕