ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។
លោកស សុខា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាក នោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ បន្តយកចិត្តទុកដាក់លើការផ្តល់សេវាសារធារណៈ ក្នុងដែនសមត្ថកិច្ចនគរបាល ជាពិសេសសេវាលិខិតស្នាមរដ្ឋបាល ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់ផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងវិញទៀត ខិតខំអនុវត្តចលនាគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម ប្រើប្រាស់គ្រប់វិធានការ និងមធ្យោបាយ ខិតខំកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ បន្ដពង្រឹង និងអប់រំណែនាំដល់កងកម្លាំងអនុវត្តច្បាប់ ដែលមានភារកិច្ចបម្រើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដើម្បីកែប្រែឥរិយាបថធ្វើការងារផ្តល់សេវាតម្រូវការ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព លឿនរហ័ស មានគុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ៕