មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្តក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស
ថ្ងៃទី ៖ 04-01-2025, ដោយ Dara007 , 41 Views
ពោធិ៍សាត់ៈ មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្តក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដេីម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។
លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍សប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ។
លោករដ្ឋលេខាធិការបានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដេីម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។
បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង១០ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង៤មុឺនតោន ក្នុងមួយឆ្នាំ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ៕
|