លោកបានបញ្ជាក់ថា៖ «ប្រសិនបើអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត និងអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។ គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ»។
ដោយឡែក ការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មាននោះដែរ។
ការផ្សាយ ឬគំរាមផ្សាយព័ត៌មានដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់របស់កម្ពុជា។
លោក ក៏បានបន្ថែមផងដែរថា អ្នកកាសែត ឬអ្នកសារព័ត៌មាន ពុំមានអភ័យឯកសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែតធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែអ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺនៅពេលផ្សាយព័ត៌មានពិត និងផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន។
នៅកម្ពុជា ច្បាប់សារព័ត៌មានមានហើយ ហើយបើអ្នកកាសែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា? ទន្ទឹមនឹងនេះ ត្រូវរួមគ្នា ការពារអ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមានរបស់កម្ពុជា៕