ការលើកឡើងបែបនេះបន្ទាប់ពី លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗដែលពាក់ព័ន្ធវិស័យការងារមកកាន់ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរោងចក្រសហគ្រាសនានា។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ឱ្យបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។
ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយនៅពេលដែលកម្មករនិយោជិតទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំកិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គលជាម្ចាស់បណ្តឹងនោះទេ។
លោក ហ្វា សាលី ក៏លើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក គឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការមកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត។ ក្នុងនាមជាមេដឹកនាំសហជីពមួយរូបនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនកម្មករនិយោជិតយល់ដឹងឱ្យកាន់តែច្បាស់លើការប្រើប្រាស់ QR Code បណ្តឹងអនាមិក របស់រាជរដ្ឋាភិបាលមួយនេះ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Cord បណ្តឹងអនាមិកនេះគឺជាយន្តការរុញសុខទុក្ខបងប្អូនកម្មករនិយោជិតមកឱ្យកាន់តែជិតអាជ្ញាធរមានសមត្ថកិច្ច ក្រសួងសមី ដើម្បីរាយការណ៍ និងប្តឹងចំពោះការមិនសុខចិត្ត ការរំលោភបំពានណាមួយដែលធ្វើឱ្យខ្លួនបាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ យន្តការមួយនេះគឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលតែងតែគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត និងពលរដ្ឋទូទៅនិយាយដោយឡែក។
លោកបណ្ឌិតរូបនេះបានកត់សម្គាល់ថា QR Code បណ្តឹងអនាមិកគឺផ្តល់សារសំខាន់ជាច្រើនទៅដល់សាធារណជន និងកម្មករនិយោជិត ទី១ ចំណាយពេលវេលាលឿនក្នុងការរាយការណ៍ និងប្តឹង ដោយមិនចាំបាច់មានលាយលក្ខណ៍អក្ស និងឆ្លងកាត់នីតិវិធីវែងឆ្ងាយ, ទី២ ពាក្យបណ្តឹង និងការរាយការណ៍ពីភាពមិនប្រក្រតីណាមួយមិនមានការរារាំង ហើយនឹងទៅដល់ដៃថ្នាក់ដឹកនាំនៃក្រសួងដែលទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់, ទី៣ ពាក្យបណ្តឹងមានភាពឯកជនខ្ពស់ ពោលមិនមានការបញ្ចេញឈ្មោះម្ចាស់បណ្តឹង។
ទន្ទឹមនឹងនេះ ប្រសិនបើសាធារណជន ក៏ដូចជាកម្មករនិយោជិតមានចម្ងល់ណាមួយពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមធ្វើការទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕