ព្រះសង្ឃ ចន សីហា សូមទទួលកំហុស និងសូមនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ ក្រោយបែកធ្លាយវីដេអូប៉ះពាល់ក្មេងស្រីម្នាក់នៅចំណុចស្រះទឹក
ថ្ងៃទី ៖ 04-12-2024, ដោយ Dara007 , 37 Views
ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិសែនជ័យ បានឱ្យដឹងថា ករណីព្រះសង្ឃមួយអង្គ ប៉ះពាល់ក្មេងស្រីម្នាក់ នៅចំណុចស្រះទឹក ក្នុងវីដេអូមួយ ត្រូវបានបែកធ្លាយ និងបង្ហោះចែកចាយពេញបណ្តាញសង្គម ព្រះអង្គមួយអង្គនោះ ជាសាមណេរ មានព្រះនាម ចន សីហា ព្រះជន្ម ១៨ឆ្នាំ ជាអតីតសមណសិស្សវត្តជម្ពូវ័ន(ឈប់រៀន) គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកកំណើតភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីបានទទួលព័ត៌មានពីវីដេអូខាងលើ ព្រះគ្រូចៅអធិការវត្ត និងថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ក្រោយពីបានសាកសួរលោកក៏បានឆ្លើយសារភាពថាព្រះអង្គពិតជាបានប្រព្រឹត្តដូចក្នុងវីដេអូ ប្រាកដមែន ហើយសូមទទួលកំហុសនិងសូមនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ ។
តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូគឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុស និងជម្រះស្មៅជាដើម។ ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២ថ្ងៃត្រង់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕
|