នាយករដ្ឋមន្រ្ដីកម្ពុជា ថ្លែងអរគុណអត្តពលិកជាតិអន្តរជាតិ ដែលបានចូលរួមរត់ប្រណាំងដើម្បីគាំទ្រ ដល់សុខភាពសាធារណៈ និងសកម្មភាពមនុស្សធម៌
ថ្ងៃទី ៖ 01-12-2024, ដោយ Dara007 , 59 Views
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ អត្តពលិកជាតិអន្តរជាតិទាំងអស់ ដែលបានចូលរួមរត់ប្រណាំងដើម្បីគាំទ្រដល់យុទ្ធនាការ អប់រំ សុខភាពសាធារណៈ និងគាំទ្រដល់ សកម្មភាពមនុស្សធម៌ ជាពិសេសការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវារត់ប្រណាំង អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នាខេត្តសៀមរាប សម្តេចធិបតី ក៏បានកោតសរសើរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC , ដៃគូសហការ និងតួអង្គ ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានជាទៀងទាត់ ហើយកាន់តែ មានប្រជាប្រិយភាពខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
តាមរបាយការណ៍បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២ នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់មកពី ៨៧ប្រទេស ដោយមានការកើនឡើង ២៥% ធៀបនឹង ឆ្នាំ២០២៣ ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលីនិង ជប៉ុន៕
|