ក្រសួងកសិកម្ម ត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា
ថ្ងៃទី ៖ 04-12-2024, ដោយ Dara007 , 29 Views
ត្បូងឃ្មុំៈ ក្រសួងកសិកម្ម បានត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលនឹងរៀបចំនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសពិនិត្យទីតាំងឡូតិ៍កៅស៊ូសម្រាប់ររៀបចំកម្មវិធីប្រឡងចៀរជ័រ និងទីតាំងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅចម្ការកៅស៊ូជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពិនិត្យវឌ្ឍនភាពការងារបានរៀបចំកន្លងមក ការសាងសង់ស្លាកចារឹកឈ្មោះ ការកំណត់ទីតាំងវេទិកាពិធី លំដាប់លំដោយការងារ និងការត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលនឹងរៀបចំនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
គិតត្រឹមឆ្នាំ២០២៤ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តនេះ មានអាយុ១០០ឆ្នាំហើយ ជាចម្ការកៅស៊ូមានអាយុចាស់ជាងគេនៅកម្ពុជា និងមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើមលើផ្ទៃដីប្រមាណ ១៤ហិកតា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុន សុភក្តិនីកា គ្រុប ខូ អិលធីឌី បាននិងកំពុងរៀបចំទីតាំងឡូតិ៍កៅស៊ូចាស់នេះឡើងវិញ ដើម្បីរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងប្រែក្លាយជាផ្លូវការទៅជា សួនអភិរក្សដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា (The Cambodian Oldest Rubber Tree Conservative Park) សម្រាប់គោលដៅស្រាវជ្រាវសេនេទិចកៅស៊ូនិងកសិទេសចរណ៍៕
|