កិច្ចប្រជុំនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង UNESCAP និងគណៈកម្មាធិការជាតិអេស្កាប់ ព្រមទាំងមានការចូលរួមពីតំណាងប្រទេសឡាវ គិរីបាទី នេប៉ាល់ កោះសូឡូមុន បង់ក្លាដេស និងប្រទេសទូវ៉ាលូ និងតំណាងមកពីក្រសួងការបរទេសកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងផែនការ ក្រសួងប្រៃណីយ៍ ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ជាដើម។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់អង្គប្រជុំថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។
ចន្លោះឆ្នាំ ២០១០ និង ២០១៩ កម្ពុជាសម្រេចបាននូវកំណើន GDP ប្រចាំឆ្នាំជាមធ្យម 7% ដែលជំរុញដោយវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម វាយនភ័ណ្ឌ និងសេវាកម្ម។ គោលនយោបាយយុទ្ធសាស្ត្រដែលផ្តោតលើធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច ដែលវាបានបង្ហាញពីភាពធន់របស់កម្ពុជា ទៅនឹងបញ្ហាប្រឈម ដូចជាការស្តារឡើងវិញក្រោយជម្លោះ និងជំងឺរាតត្បាត COVID-19។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្រួចទៅតាមក្របខ័ណ្ឌសកលដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកម្មវិធីសកម្មភាពដូហា ដោយផ្តោតជាសំខាន់លើ បរិវត្តន៍កម្មឌីជីថល ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងចាប់យកឱកាសនាពេលអនាគត។
មុននឹងបញ្ចប់ លោក បានថ្លែងអំណរគុណចំពោះ ESCAP ដៃគូអភិវឌ្ឍន៍ និងគណៈប្រតិភូសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រប្រទេសមានការអភិវឌ្ឍតិចតួច និងបានអំពាវនាវឱ្យបង្កើនកិច្ចសហការដើម្បីបង្កើតអនាគតដ៏រឹងមាំ និងប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកលលោកទាំងមូល៕