បុរសម្នាក់ដើរលួចឆ្កែ និងឆ្មារប្រជាពលរដ្ឋយកទៅលក់បន្លំជាសត្វព្រៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
ថ្ងៃទី ៖ 13-11-2024, ដោយ Dara007 , 78 Views
កំពង់ឆ្នាំងៈ បុរស២នាក់ ដើរលួចឆ្កែ និងឆ្មារប្រជាពលរដ្ឋយកទៅលក់បន្លំជាសត្វព្រៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតបានផ្តួលម៉ូតូ រត់គេចខ្លួនបាត់។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា៖ ករណីនេះនៅម៉ោងប្រមាណ១២រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង បានចេញល្បាតមកដល់ចំណុចផ្លូវចូលផ្ទះលោកស្នងការស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង ក៏បានជួបជាមួយជនសង្ស័យ០២នាក់ សង្ស័យលួចវ៉ៃសត្វឆ្កែ និងសត្វឆ្មា កម្លាំងយើងបានធ្វើការដេញតាមពីក្រោយរហូតមកដល់ចំណុចដីឡូត៍គេទុកចោលមួយកន្លែង ស្ថិតក្នុងភូមិ/សង្កាត់ ខាងលើជនសង្ស័យ ជនសង្ស័យទាំង០២នាក់បានផ្តួលម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះយុន ស៊ីឆាង អាយុ២៥ឆ្នាំ ទីលំនៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូសង់កូរ៉េចាស់០១គ្រឿង , ដំបងឬស្សី០១ប្រវែង១.៤០ម៉ែត្រ សត្វឆ្មា០៨ក្បាល ,ក្បាលកែវបំភ្លឺ០១។
ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋសន្និដ្ឋានថា ជនសង្ស័យខាងលើលួចវ៉ៃសត្វឆ្កែនឹងសត្វឆ្មា ដើម្បីយកតាំងលក់នៅតាមផ្លូវចំណុចភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ដោយក្លែងបន្លំថាជាសត្វព្រៃ(ខ្លាត្រី)។ល៕
|