ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា មានសិទ្ធិបង្ហាញក្តីកង្វល់ ការរំលោភបំពានរបស់ថៃចំពោះបញ្ហាព្រំដែន
ថ្ងៃទី ៖ 20-11-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ កម្ពុជាប្រាប់ទៅថៃថា ការលើកឡើងពីបញ្ហាព្រំដែន គឺជាសិទ្ធិរបស់កម្ពុជា សម្រាប់បង្ហាញក្តីកង្វល់ដែលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី និងសុខុមាលភាពប្រជាជន។ ដូច្នេះ ថៃមិនគួរចាត់ទុកករណីនេះ ជាការប៉ុនប៉ងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគីឡើយ។

យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញថ្ងៃទី១៧វិច្ឆិកាថា ការចេញមុខបកស្រាយនេះ ដោយសារកម្ពុជាកត់សម្គាល់ឃើញ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសថៃនៅ១៦វិច្ឆិកា ទាក់ទងនឹងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ មានការយល់ខុសមកលើភាគីកម្ពុជា។  អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គឺបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់កិច្ចប្រជុំទាំងនេះ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះថៃ។ លោកពន្យល់ទៅថៃវិញថា កម្ពុជាលើកឡើងពីបញ្ហាព្រំដែន គឺបង្ហាញពីការវិវត្តន៍នៅលើដី និងផលវិបាកមនុស្សធម៌ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា ការបន្ធូរភាពតានតឹង និងការដោះស្រាយវិវាទដោយសន្តិវិធី។

គោលបំណង ទាំងនេះ ស្របតាមគោលការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមូលបទនៃកិច្ចប្រជុំកំពូលលើកទី២០ គឺរួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង។

ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាបានបំពេញការទទួលខុសត្រូវរបស់ខ្លួនដោយភាពមិនលំអៀង តម្លាភាព និងការគោរពច្បាប់ និងនីតិវិធីរបស់អង្គការ OIF ។

ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ថា៖ «កម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់ OIF មានសិទ្ធិស្របច្បាប់ក្នុងការសម្ដែងនូវកង្វល់របស់ខ្លួនលើបញ្ហា ដែលប៉ះពាល់ដល់អធិបតេយ្យបូរណភាពទឹកដី និងសុខុមាលភាពរបស់ប្រជាជន។ ការចូលរួមបែបនេះ មិនគួរ ត្រូវបានយល់ខុសថា ការប៉ុនប៉ងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី»។ 

ពាក់ព័ន្ធនឹងកិច្ចការព្រំដែន កម្ពុជាបានអំពាវនាវជាថ្មី ឱ្យបន្តឡើងវិញលើកិច្ចការងារវាស់វែងព្រំដែន ពិសេសការងារគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្ដែង និងជំរុញការកំណត់ព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយវិវាទរបស់ខ្លួនជាមួយថៃ តាមរយៈការសន្ទនា ការទូត និងមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕ 

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ សម្ដេចធិបតី ថ្លែងថា ក្រុមហ៊ុនជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com