|
នាយករដ្ឋមន្រ្ដីអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»
ថ្ងៃទី ៖ 21-11-2026, ដោយ Dara007 , 29 Views
ភ្នំពេញៈ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”ដែលរៀបចំឡើងដោយ សមាគមមូលនិធិសម្ដេចតេជោ និង FASMEC។
វត្តមានដ៏ឧត្ដុង្គឧត្ដមរបស់ សម្តេចមហាបវរធិបតីនាឱកាសនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់សមាគមមូលនិធិ សម្ដេចតេជោ និង FASMEC ក្នុងបេសកកម្មគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម នៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បងប្អូនសហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃនិងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។
ជាពិសេស ក្នុងបរិបទដែលផលិតផល ក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា មិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងក្លាផងដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនបងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងកាន់តែមានភាពធន់និងរឹងមាំ យូរអង្វែង។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះ រៀបចំឡើងមានរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកចូលរួម ដាក់តាំង បង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង ២៥រាជធានី-ខេត្ត៕
|