|
នាយករដ្ឋមន្ត្រី ណែនាំរៀបចំពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតខ្មែរ
ថ្ងៃទី ៖ 21-11-2026, ដោយ Dara007 , 33 Views
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើជាគំរូដ៏ល្អដល់មហាជន ដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតខ្មែរ ជាពិសេសការជ្រើសរើសសម្លៀកបំពាក់ប្រពៃណី ដើម្បីរក្សាការពារអត្តសញ្ញាណជាតិ និងចៀសវាងការច្រឡំប្រើប្រាស់សម្លៀកបំពាក់របស់ប្រទេសជិតខាង។
ថ្លែងក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី មានប្រសាសន៍ថា បើថ្នាក់លើធ្វើមិនត្រូវតាមក្បួនខ្នាតហើយ តើឱ្យប្រជាជនពាក់យ៉ាងម៉េច? យើងត្រូវចាប់ផ្តើមពីហ្នឹង ការរៀបចំពិធីខួបកំណើត ការរៀបចំពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗ យើងត្រូវមើលស្តងដារសម្លៀកបំពាក់ វប្បធម៌យើងឱ្យត្រូវតាមក្បួនខ្នាតឱ្យច្បាស់លាស់ កុំយករបស់គេ ឬមួយយករបស់មិនច្បាស់លាស់ប្រើ។ សម្តចធិបតីអំពាវនាវឱ្យរួមគ្នាទាំងអស់ ដើម្បីធ្វើយ៉ាងណាប្រើប្រាស់ក្បួនខ្នាតរបស់ខ្មែរ ឱ្យបានត្រឹមត្រូវ។
ការរួមគ្នាបែបនេះ គឺជាការបញ្ជាក់ពីអត្តសញ្ញាណ និងអាចបញ្ជាក់ថានេះជាផលិតផលមួយសម្រាប់ធ្វើពាណិជ្ជកម្មសម្រាប់ច្នៃហូ ផាមួង លក់ចេញទៅក្រៅប្រទេសជាដើម។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសសម្លៀកបំពាក់កែច្នៃពីសូត្រ ហូល និងផាមួងខ្មែរ ស្របតាមទស្សនទាន «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងអភិរក្សវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្ស៕
|