លោក ស សុខា ក៏បានស្នើឱ្យភាគីទាំងពីរ កម្ពុជា និងម៉ាឡេស៊ី ពិចារណាបង្កើតអនុស្សរណៈលើវិស័យសន្តិសុខ និងបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរបទពិសោធកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធានក្នុងជួរកងកម្លាំងលើជំនាញរួម និងប្រហាក់ប្រហែលគ្នាឱ្យបានកាន់តែល្អប្រសើរថែមទៀត ស្របពេលដែលបទល្មើសក្នុងសង្គម នាពេលបច្ចុប្បន្ន កំពុងប្រឈមខ្ពស់នឹងប្រភេទបទល្មើសឆ្លងដែនជាសកល។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតម៉ាឡេស៊ី ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ម៉ាឡេស៊ី។
លោក ឯកអគ្គរាជទូតម៉ាឡេស៊ី Shaharuddin Bin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតែងតែផ្តល់បរិយាកាសរស់នៅយ៉ាងកក់ក្តៅដល់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជា។
ភាគីទាំងពីរ ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រទេសទាំងពីរ នឹងបន្តសម្រេចបានលទ្ធផលរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជន៕