ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទលើកទី១ ស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាមានប្រសាសន៍ថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហម បានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានរក្សាជំហរកាត់ទោសខ្មែរក្រហមតាំងពីដើមមក។ សម្ដេចតេជោបន្ដថា ក្នុងសុន្ទរកថារបស់សម្តេចពេលចរចារកសន្តិភាព សម្តេចបានចង្អុលថា កន្លែងស័ក្តិសមសម្រាប់ខ្មែរក្រហម គឺសាលាយុត្តិធម៌ មិនមែនក្រុមប្រឹក្សាជាតិ SNC នោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហម ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យប្រទេសទាំងឡាយដែលគាំទ្រខ្មែរក្រហម គួរតែក្លាហានហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន ដោយបានដាក់ជាសំណួរថា បើខ្មែរក្រហមចូលរួមបោះឆ្នោត មានគណបក្សនយោបាយ មានអាសនៈក្នុងសភា តើនរណាហ៊ានកាត់ទោសខ្មែរក្រហម? គួរតែអរគុណ ប៉ុល ពត ដែលដកខ្លួនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដកខ្លួនពីការបោះឆ្នោត ផ្តល់លទ្ធភាពនៃការកាត់ទោសមេខ្មែរក្រហម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អះអាងថា ប្រជាពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម៕