អ្នកឧកញ៉ាបានលើកឡើងថា៖«ជារួម គឺបងប្អូនកម្មករនិយោជិតយើងមិនមែនទទួលបាន ២១២ដុល្លារសម្រាប់ ២០២៧នោះទេ។ បើយើងគិតពីប្រាក់ផ្សេងៗដែលជាកាតព្វកិច្ចរបស់និយោជក ១៩.៥ដុល្លា ដែលលាក់ដោយសាររដ្ឋាភិបាលយើងឆ្លាតវៀងវៃ ដោយសារឯកឧត្តមរដ្ឋមន្ត្រី ក៏ឆ្លាកវៀងវៃ គឺបានលាក់តួលេខនោះ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម»។
អ្នកឧកញ៉ាបញ្ជាក់ថា៖«តួលេខ ១៩.៥ដុល្លានោះចេញមកពីប្រាក់ ១០ដុល្លារ រង្វាន់ទៀតទាត់ និង ៧ដុល្លាថ្លៃស្នាក់នៅ និងដឹកជញ្ជូន ហើយនឹងបូក ២.៥ ដុល្លាចុងក្រោយ សម្រាប់គាំទ្រការដឹកជញ្ជូនប្រេងឥន្ធនៈ។
ការពិតវាឡើងទៅ ២៣១.៥ដុល្លារ ឯណោះលើសប្រទេសគេក្នុងតំបន់»។
ជាមួយគ្នានេះ អ្នកឧកញ៉ា ណាង សុធី បានពន្យល់ថា ការកំណត់ប្រាក់ឈ្នួលមិនអាចពិចារណាតែពីតម្រូវការរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ស្ថានភាពទីផ្សារអន្តរជាតិ ផលិតភាពការងារ និងការបញ្ជាទិញពីបរទេសផងដែរ។ ការបញ្ជាទិញក្នុងឆ្នាំ២០២៦ មានការធ្លាក់ចុះ ហើយបញ្ហាថ្លៃដឹកជញ្ជូនដែលពាក់ព័ន្ធនឹងវិបត្តិព្រែកជីកស៊ុយអេ មិនបានប៉ះពាល់តែដល់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់និយោជកចេញទៅទីផ្សារបរទេសផងដែរ។
បន្ថែមលើនេះ អ្នកឧកញ៉ាបានសម្តែងការរំពឹងថា យន្តការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមានឹងបន្តធ្វើឡើងដោយផ្អែកលើកត្តាជាក់ស្តែង និងស្ថានភាពសេដ្ឋកិច្ច ដើម្បីឱ្យភាគីទាំងអស់អាចបន្តរក្សាការងារ ស្ថិរភាពសហគ្រាស និងទំនាក់ទំនងការងារល្អប្រសើរ៕