ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ជម្រាបជូន អ.ស.ប ថា ពលរដ្ឋកម្ពុជា ត្រូវបានបង្ខំបោះបង់ចោលផ្ទះសម្បែងនៅក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ
ថ្ងៃទី ៖ 03-10-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ — នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានជម្រាបជូនថា ប្រជាពលរដ្ឋកម្ពុជា ត្រូវបានបង្ខំបោះបង់ចោលផ្ទះសម្បែងនៅក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។

ក្នុងបទអន្តរាគមន៍ លោកឯកអគ្គរាជទូត កែ សុវណ្ណ បានកត់សម្គាល់នូវរបាយការណ៍របស់អ្នករាយការណ៍ពិសេស និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ក្នុងអំឡុងពេលបេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា។ លោក ក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសន្ទនាដោយបើកចំហ ការបន្តកិច្ចសហប្រតិបត្តិការ និងការវាយតម្លៃប្រកបដោយតុល្យភាព រវាងបញ្ហាប្រឈម និងវឌ្ឍនភាពសិទ្ធិមនុស្ស។

កម្ពុជា បានថ្លែងអំណរគុណជាពិសេស ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស ដែលបានបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា បាននៅឡើយ ដោយសារវត្តមានរបស់កងកម្លាំងប្រដាប់អាវុធថៃ។ កម្ពុជា បានគាំទ្រការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋភៀសខ្លួនកម្ពុជា អនុលោមតាមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយពេញលេញ និងដោយស្មោះត្រង់។

ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបានសង្កត់ធ្ងន់ថា បទល្មើសឆ្លងដែនតម្រូវឱ្យមានសកម្មភាពរួមគ្នា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជា បានរំលេចនូវការពង្រឹងវិធានការអនុវត្តច្បាប់ និងការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានអនុម័ត "សេចក្តីប្រកាសទីក្រុងភ្នំពេញ" ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ក្រាបបណ្តាញឧក្រិដ្ឋជនឆ្លងដែន និងកិច្ចការពារជនរងគ្រោះ។

កម្ពុជា ក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះអង្គការសង្គមស៊ីវិល ការចូលរួមផ្នែកនយោបាយ ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងពង្រឹងកិច្ចការពារ និងប្រកបដោយបរិយាបន្នដល់ស្ត្រី កុមារ ជនមានពិការភាព ក្រុមជន LGBTQ+ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។

ជាការឆ្លើយតប កម្ពុជា បានបដិសេធនឹងសេចក្តីថ្លែងការណ៍របស់ថៃ ថាជាព័ត៌មានមិនពិត និងធ្វើឱ្យភ័ន្តច្រឡំ។ កម្ពុជា បានរំលឹកឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសខ្លួនបច្ចុប្បន្ន ត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងនៅក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ កាលពីឆ្នាំ២០២៥ ហើយបានបញ្ជាក់អះអាងថា សកម្មភាពបច្ចុប្បន្នរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា គឺជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ តំណាងភាគីនិយោជកអ្នកឧកញ៉ា ណាង សុធី បានលើកឡើងថា ប្រាក់ឈ្នួលដែលកម្មករនិយោជិតទទួលបានក្នុងឆ្នាំ២០២៧ មិនមែន​ត្រឹម​តែ​ចំនួន ២១២ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​ទេ ​ប្រសិនបើបូកបញ្ចូល​ប្រាក់ និង​អត្ថប្រយោជន៍ផ្សេងៗដែលជាកាតព្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com