ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥-១៦ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានបានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយនឹង សេចក្ដីអំពាវនាវទីក្រុងភ្នំពេញ ស្ដីពីការការពាបេតិកភណ្ឌវប្បធម៌ គឺជាអត្ដសញ្ញាណ ជាសេចក្ដីថ្លៃថ្នូរ និងមរតករួមរបស់មនុស្សជាតិ។ ការការពារបេតិកភណ្ឌមិនគ្រាន់តែជាការថែរក្សាអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការការពារអត្តសញ្ញាណជាតិ ពង្រឹងសន្តិភាព និងការធានាថា មរតកដ៏មានតម្លៃនេះ នឹងត្រូវ បានបន្តទៅកាន់មនុស្សជំនាន់ក្រោយ។
លោក នេត្រ ភក្រ្ដាគូសបញ្ជាក់ថា សេចក្ដីអំពាវនាវទីក្រុងភ្នំពេញ គឺផ្ដោតទៅលើអាទិភាពសំខាន់ចំនួន៥ រួមមាន ទី១ ការការពារបេតិកភណ្ឌក្នុងពេលដែលមានជម្លោះ។ ប្រទេសហ្វ្រង់កូហ្វូនី បង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញបេតិកភណ្ឌ ជាពិសេសគឺក្នុងជម្លោះប្រដាប់អាវុធ។ដែលបង្ហាញថា បេតិកភណ្ឌរបស់ខ្លួនកំពុងរងការគំរាមកំហែង រួមទាំងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទី២ គឺការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី សេចក្ដីអំពាវនាវបញ្ជាក់ជាថ្មីថា រាល់វិវាទត្រូវដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនេះក៏ជាសារដ៏សំខាន់ដែលភ្ជាប់ការការពារបេតិកភណ្ឌទៅនឹងការថែរក្សាស្ថិរភាព និងសន្តិភាពអន្តរជាតិ។ទី៣គឺការប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណខុសច្បាប់ ដោយ អំពាវនាវឱ្យពង្រឹងកិច្ចសហបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរធនធានវប្បធម៌ខុសច្បាប់ និងជំរុញការបញ្ជូនត្រឡប់ ឬក៏ប្រគល់វត្ថុបុរាណទៅប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ។ទី៤ការការពារអត្តសញ្ញាណវប្បធម៌ ក្នុងយុគសម័យឌីជីថល ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិរក្សបេតិកភណ្ឌ ការពារភាពចម្រុះនៃភាសា និងវប្បធម៌ ព្រមទាំងការគោរពសិទ្ធិអ្នកនិពន្ធស្នាដៃ។ និងទី៥ គឺការ ពង្រឹងកិច្ចសហបត្តិការ ការផ្ទេរមរតកទៅជំនាន់ក្រោយដោយជំរុញការសិក្សាបេតិកភណ្ឌដែលរងការខូចខាត ការបណ្ដុះបណ្ដាល ការផ្ទេរចំណេះដឹងទៅយុវជន និងការអភិវឌ្ឍឧស្សាហកម្មកែច្នៃប្រឌិត។
លោកដាគូសបញ្ជាក់ទៀតថា សេចក្ដីអំពាវនាវនេះ គឺជាផ្ញើសារយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិ មិនអាចមើលរំលងការគំរាមកំហែងការគំរាមកំហែងចំពោះបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺក្នុងស្ថានភាពជម្លោះប្រដាប់អាវុធបានឡើយ។ ការការពារបេតិកភ័ណ្ឌ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជា គ្រឹះដ៏សំខាន់ សម្រាប់សន្តិភាព ស្ថេរភាព និងវិបុលភាពរួម៕