សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឱ្យដឹងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកព័ត៌មានក្រោយនៅក្រោយជំនួបនោះថា នៅក្នុងជំនួបនោះលោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយនិយាយជារួមសម្រាប់ប្រទេសកម្ពុជាដែលបានស្វាគមន៍ចំពោះលោកជំទាវ និងប្រតិភូដោយប្រជាជនពោរពេញដោយស្នាមញញឹម។
លោកស្រីបានលើកឡើងថា បើទោះបីជាប្រទេសទាំង២នៅឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែកាណាដា និងកម្ពុជាមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា ហើយជាទំនាក់ទំនងដ៏ល្អប្រសើរ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។
លោកស្រីក៏បានសង្កត់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដាដែលមានការរីកចម្រើនដែលមកដល់ពេលនេះមានប្រមាណជាង២ពាន់លានដុល្លារដែលជាទំហំពាណិជ្ជកម្មមួយដែលមានការកើនឡើងជាលំដាប់ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះលោកស្រីក៏បានលើកឡើងទៅកាន់សម្ដេចតេជោដោយធ្វើយ៉ាងណាលោកជំទាវចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងកាណាដា បង្កើតនូវចំណងមិត្តភាពរវាងគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះវីរភាពរបស់សម្ដេចតេជោដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍រហូតដល់ដឹកនាំកម្ពុជាឱ្យមានស្ថិរភាពមានសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន។
សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់លោកស្រីជាពិសេសការលើកឡើងពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ហើយបន្ថែមពីលើនេះសម្ដេចតេជោក៏បានសង្កត់ទៅលើបញ្ហាទាក់ទងទៅនឹងពាណិជ្ជកម្ម ដែលសម្ដេចឯកភាពទាំងស្រុងនៅពេលដែលលោកជំទាវលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ក្នុងទំហំប្រមាណ២ពាន់លានដុល្លារអាមេរិក ដែលទំហំនេះជាទំហំនៃការកើនឡើងជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយសម្ដេចតេជោបានលើកឡើងថា ២ពាន់លានដុល្លារនេះ នៅមិនទាន់គ្រប់គ្រាន់ទេប្រទេសទាំងពីរ គឺត្រូវតែសហការគ្នាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត។
សម្ដេចបានបញ្ជាក់ថាទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគគឺជាចំណុចស្នូលនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលទៅស្របគ្នាជាមួយនឹងទំនាក់ទំនងនយោបាយ។
សម្ដេចក៏ស្នើឱ្យលោកជំទាវជួយកៀគរអ្នកវិនិយោគរបស់កាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត និងអរគុណចំពោះតួនាទីរបស់កាណាដាដែលបានចូលរួមចំណែកដល់ការស្វែងរកសន្តិភាពរបស់កម្ពុជាកាលពីអតីតកាល ក៏ដូចជាការចូលរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា ការជួយបណ្ដុះបណ្ដាល ធនធានមនុស្ស និងការចូលរួមវិភាគទានជួយដល់សាលាក្តីខ្មែរក្រហមនាពេលកន្លងទៅដែលជាការរួមចំណែកដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា៕