ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 16-11-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន ចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាមួយគ្នានេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបញ្ជាក់អះអាងជាថ្មី អំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០កម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥-១៦ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានបានមានប្រសាសន៍ថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សម្ដែងការសោកស្ដាយចំពោះទុក្ខវេទនារបស់ប្រជាជន ដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សេចក្ដីសម្រេចហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ នៅរាជធានីភ្នំពេញ ក៏បានផ្ញើសារយ៉ាងច្បាស់ថា កម្លាំងមិនអាចជំនួសច្បាប់បានទេ ហើយការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដីមិនអាចប្រែព្រំដែនបានទេ ហើយប្រជាជនដែលរងគ្រោះដោយជម្លោះ ត្រូវមានឱកាសវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

លោកគូសបញ្ជាក់ថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានគូសបញ្ជាក់អំពីរ សារៈសំខាន់ នៃការធានាការពារប្រជាជនស៊ីវិលរងគ្រោះ ដោយភាពតានតឹងនៅតាមព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យមានការធានាថា ប្រជាជនដែលត្រូវផ្លាស់ទីលំនៅ និងសហគមន៍ដែលរងផលប៉ះពាល់ អាចទទួលបានជំនួយមនុស្សធម៌ និងសេវាចាំបាច់ជាមូលដ្ឋានប្រកបដោយសុត្ថិភាព និងគ្មានការរារាំង ព្រមទាំងធានាការការពារសិទ្ធិរបស់ពួកគេ ក្នុងអំឡុងពេលនៃការផ្លាស់ទីលំនៅ ត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យពួកគេ ពិតជាអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ប្រកបដោយសុត្ថិភាព ដោយស្ម័គ្រចិត្ត និងដោយយូរអង្វែង។

លោកជម្រាបជូនថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញទេ ហើយការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុត្ថិភាព ដោយសេចក្ដីថ្លៃថ្នូរ គឺជារដ្ឋសាលាចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គូសបញ្ជាក់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនណាមួយ តាមរយៈការប្រើប្រាស់កម្លាំង ឬក៏តាមរយៈការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី ។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ទទួលដឹងឮ អំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តរួមគ្នា ដើម្បីបន្ថយថន្ថយភាពតានតឹងនៅតាមព្រំដែន នៅក្នុងនោះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអំពាវនាវឱ្យមានការអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នា នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាបទឈប់បាញ់ គឺាក់ពាក់ព័ន្ធជាអាទិ៍ ការចាប់ផ្ដើមឡើងវិញឱ្យបានឆាប់រហ័សនូវការងារវាស់វ៉ែង និងបោះបង្គោលព្រំដែន របស់គណៈកម្មការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ។

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអំពាវនាវដោយទទូច ឱ្យភាគីទាំងសងខាងគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងជៀសវាងរាល់សកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ ឬក៏ធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com