ក្នុងឱកាសអនុញ្ញាតឱ្យលោក បឺណ័រ ឌីស្ប៉ា ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលជាការជំរុញដល់ការទូតសភា ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបថា សម្តេចតេជោក៏បានជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដែលជាការជំរុញដល់ការទូតសភាដែលធ្វើយ៉ាងណា ឱ្យសភានៃប្រទេសទាំងពីរ មានទំនាក់ទំនងបន្ថែមទៀត ក្នុងក្របខណ្ឌទ្វេភាគី” ។
សម្តេចតេជោមានប្រសាសន៍បន្តថា ការជំរុញនេះគឺជាការជ្រោមជ្រែងបន្ថែមទៀតដល់ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ ។ បន្ថែមពីលើនេះទៀត សម្តេចតេជោក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ជាពិសេសរវាងអាស៊ាននិងសហគមន៍អឺរ៉ុបដែលជាកត្តាសំខាន់ក្នុងការរុញច្រានបំពេញឱ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច ។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប៊ែលហ្ស៊ិក មានភាពរឹងមាំ និងឈានចូលដល់ខួបលើកទី៦០ នៅឆ្នាំ២០២៧ ខាងមុខ។
ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៥ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩២ ដោយបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម យុត្តិធម៌ និងទេសចរណ៍៕