ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី៖ កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្ដិភាព
ថ្ងៃទី ៖ 13-11-2026, ដោយ​​ Dara007 , 75 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្ដិភាព ហើយកាន់តែដឹងទៀតថាសន្ដិភាពត្រូវបានកសាងឡើង ដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ «ភូមិ​ហ្វ្រង់កូហ្វូនី» នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដោយយល់អំពីតម្លៃនៃសន្ដិភាពនេះហើយ ទើបបានជាមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ។

សម្ដេចធិបតីគូសបញ្ជាក់ថា ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនី ក៏បានបង្ហាញ ពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា, ស្នាមញញឹមមានអត្ថន័យលើសពីការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឲ្យភាពកក់ក្ដៅ, សន្តិភាព និង ក្តីសង្ឃឹម ហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុង រួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ភូមិហ្វ្រង់កូហ្វូនីត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាង ទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក, រាជធានីភ្នំពេញ តែងតែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។

សូមបញ្ជាក់ថា នេះជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះ គឺជាខណៈពេលដ៏មានមោទនភាព, ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com