ថ្លែងក្នុងវេទិកានេះ លោក លូ លីឃីម អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈវេទិកានេះ ប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងការយកចិត្តទុកដាក់ ការងារក្នុងស្រុកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនចាប់ពីអាយុ៦០ឆ្នាំទៅ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។
ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។
ក្នុងករណីចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះជាមួយនឹងក្រុមហ៊ុនបញ្ជូនពលករស្របច្បាប់ ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ និងមានការការពារសិទ្ធនិងអត្ថប្រយោជន៍ពេញលេញ។
ទន្ទឹមនេះ ប្រជាពលរដ្ឋក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET 1.5M ដោយឥតគិតថ្លៃ ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។
ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចប្រើប្រាស់ជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ឈ្នួលខ្ពស់ជាងមុន។
យ៉ាងណាមិញ ប្រសិនបើចង់សាកសួរព័ត៌មានបន្ថែម សូមប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។ សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, ធនាគារ ABA, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារ អេ អឹម ខេ, ក្រុមហ៊ុនមិតហ្វូន, ក្រុមហ៊ុនផេស៊ីហ្វិក,៕