ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី គូសបញ្ជាក់ថា ថ្ងៃមុនមាននិយាយជាមួយខាងជប៉ុន គាត់រើ ការផលិតមក បន្ទាប់ពីគាត់បានដើររកមើលនៅហ្វីលីពីន និងប៉ុន្មានប្រទេសទៀត ចុងក្រោយគាត់សម្រេចយកកម្ពុជា ជាកន្លែងដើម្បីផលិតគ្រឿងបង្គុំ ចែកចាយនៅក្នុងតំបន់»។ តាមរយៈគោលបំណងបែបនេះរបស់ក្រុមហ៊ុន សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពជួយសម្របសម្រួលលើកទឹកចិត្តថ្មី បន្ថែមទៀតដល់ក្រុមហ៊ុនមួយនេះ។ ព្រោះនេះមិនមែនត្រឹមតែផលិត និងចែកចាយនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជាការផលិត និងចែកចាយនៅក្នុងតំបន់ផ្ទាល់តែម្ដង។
សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ «នេះគឺជាគោលដៅធំរបស់យើងហើយ។ មិនបាច់ត្រូវនាំឡានចេញទាំងមូល សម្រាប់ផ្គត់ផ្គង់ទីផ្សារតំបន់ទេ ប៉ុន្តែធ្វើតែគ្រឿងបន្លាស់មួយឆ្នាំ១០លានគ្រឿងបន្លាស់សម្រាប់នាំចេញ ផលិតតែកង់ឡាននាំចេញក្នុងតំបន់ ផលិតតែចង្កូតចែកចាយក្នុងតំបន់ ខ្ញុំថាបានបង្កើតការងារ បង្កើតជំនាញរបស់យើងច្បាស់ហើយ។ បើរឹងមាំ យើងដាក់គោលដៅដើម្បីនាំចេញទៅក្រៅ ផ្គត់ផ្គង់ទៅដល់ខ្សែច្រវាក់ផលិតកម្មនៅខាងក្រៅ។ នេះជាគោលដៅ ហើយជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា»។
សូមជម្រាបថា មកដល់ពេលនេះកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ រោងចក្រកំពុងដំណើរការមានចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុបចំនួន ២ ៧៤៤ កន្លែង៕