លោក បានជម្រាបជូនអង្គប្រជុំអំពីបទពិសោធន៍ និងសមិទ្ធផលជាក់ស្តែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំលេចនូវការរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៣.៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមានផ្ទៃដីមានសល់គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៥៨៦ គីឡូម៉ែត្រការ៉េ។
លោកក៏គូសបញ្ជាក់ផងដែរអំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកងរក្សាសន្តិភាពប្រមាណ ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ចាប់តាំងពីឆ្នាំ២០០៦ និងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយជោគជ័យ។
ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយសកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥ ឯកឧត្តម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកមនុស្សធម៌ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគីម្ខាងទៀត។
លោកបានសង្កត់ធ្ងន់ថា ការណ៍នេះមិនត្រឹមតែបង្កផលប៉ះពាល់មនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធបន្ថែមលើការងារវាស់វែង-ស្រាវជ្រាវ ការបោសសម្អាត និងការជួយសង្គ្រោះជនរងគ្រោះរបស់កម្ពុជាផងដែរ៕