|
សម្ដេចធិបតី៖ កម្ពុជាមានផ្លូវគោកដឹកជញ្ជូនទំនិញទៅចិន
ថ្ងៃទី ៖ 01-07-2026, ដោយ Dara007 , 55 Views
ស្វាយរៀងៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ កម្ពុជាបានចរចាបើកផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោកទៅកាន់ប្រទេសចិនជាលើកដំបូង តាមរយៈប្រទេសឡាវ ដែលជាជំហានថ្មីមួយក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតីមានប្រសាសន៍ថា កន្លងមក កម្ពុជាធ្លាប់ដឹកជញ្ជូនទំនិញ និងកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវទឹកជាចម្បង ប៉ុន្តែបច្ចុប្បន្នកម្ពុជាអាចដឹកជញ្ជូនតាមផ្លូវគោកតភ្ជាប់ឡើងទៅប្រទេសចិនតាមរយៈប្រទេសឡាវ។
សម្ដេចធិបតីគូសបញ្ជាក់ថា ការបើកផ្លូវដឹកជញ្ជូនថ្មីនេះ នឹងជួយសម្រួលដល់ការនាំចេញកសិផលរបស់កម្ពុជា ជាពិសេសផលិតផលពីតំបន់ភាគខាងជើង ដោយអាចតភ្ជាប់ទៅទីផ្សារចិនបានដោយផ្ទាល់ជាងមុន និងកាត់បន្ថយពេលវេលា ព្រមទាំងចំណាយក្នុងការដឹកជញ្ជូន។ ជាពិសេស ចរចាបើកផ្លូវបន្ថែមទៀត ឆ្នាំនេះ យើងបានចរចាបើកផ្លូវជាលើកដំបូងទៅចិនតាមរយៈឡាវ តាមផ្លូវគោក។ ពីមុនយើងដឹកតែតាមទឹកទេ ទៅទីផ្សារចិន ឥឡូវយើងអាចដឹកកសិផលរបស់យើងតាមផ្លូវគោកឡើងទៅតែម្តង។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា ការចរចាបើកផ្លូវនាំចេញ និងការស្វែងរកទីផ្សារថ្មីៗ ត្រូវការពេលវេលាយូរ ប៉ុន្តែជាការងារដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតីបញ្ជាក់ថា ការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេស មិនអាចធ្វើឡើងដោយប្រញាប់ប្រញាល់បានទេ ព្រោះប្រទេសនាំចូលតែងតែត្រូវពិនិត្យលក្ខខណ្ឌ ស្តង់ដារ និងចរចាឱ្យបានគ្រប់ជ្រុងជ្រោយ មុនអនុញ្ញាតឱ្យមានការនាំចូល៕
|