ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រារព្ធទិវាមច្ឆាជាតិជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ជាពិសេសប្រជានេសាទមូលដ្ឋាន ឱ្យចូលរួមនិងការពារអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង ថែរក្សា ការប្រើប្រាស់ប្រកបដោយនិរន្តភាពសម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយៗទៀត។ បន្ថែមពីនោះទៀត ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពង បន្តពូជ និងធំធាត់នូវរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនិងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់ របស់ប្រជានេសាទ។
សម្តេចបវរធិបតី បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាប័ន្ន គឺជាបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាពគឺជាមុំទី២ និងការលើកស្ទួយកសិកម្មនិងការអភិវឌ្ឍ ជនបទគឺជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្មជារួមរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២ ២០៣០ សំដៅធ្វើទំនើបកម្មនិងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារនិងគ្រប់គ្រងធនធានដីព្រៃឈើនិងជលផលប្រកបដោយចីរភាព។
ក្នុងនោះ រាជរដ្ឋាភិបាលតែងតែទុកវិស័យកសិកម្មជាក្រពះរបស់ជាតិ ខណៈដែលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតិអ៊ីនរបស់ជាតិ ដោយសារមច្ឆាជាតិជាប្រភពផ្តល់ប្រូតិអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន។ ម្យ៉ាងទៀតជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់និងសម្បូរទៅដោយមីក្រូសារធាតុ»៕