ថ្លែងក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ អង្គប្រជុំព្រឹទ្ធសភាយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសំណូមពររបស់វិស័យឯកជន ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានវិជ្ជមានថ្មីមួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង អភិវឌ្ឍ និងអភិរក្សហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធានាចីរភាពនិងគុណភាពផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលការពិន័យអន្តរការណ៍ឱ្យបានច្បាស់លាស់។
បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះ នឹងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការ ដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ និងតំបន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារទ្រព្យសម្បត្តិជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅលើដងផ្លូវ។
គួររំលឹកថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័ត យល់ព្រមលើកដំបូងចំនួន១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧៕