ក្នុងឱកាសចូលរួមពិធីអបអរសាទរទិវាអ្នកសារព័ត៌មានជាតិម៉ាឡេស៊ី ឆ្នាំ២០២៦ (HAWANA 2026) នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី និងពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងវិស័យ ព័ត៌មាន សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ការផ្សព្វផ្សាយវិជ្ជមានអំពីទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ភាគីទាំង២ក៏បានពិភាក្សាអំពីបញ្ហាប្រឈមរួមក្នុងបរិបទឌីជីថល ដូចជា ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មាន សុវត្ថិភាពឌីជីថល និងតម្រូវការក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ។
ក្នុងឱកាសនោះ លោក ប្រាក់ ថាវអមិដា បាននាំយកអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះហត្ថលេខាដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីធ្វើការដោះដូរជាមួយក្រសួងទំនាក់ទំនងម៉ាឡេស៊ី។អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹង ពង្រីក និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើមូលដ្ឋានសមភាព អត្ថប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។
តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការផ្លាស់ប្តូរព័ត៌មាន និងព័ត៌មានសារព័ត៌មាន ការផ្លាស់ប្តូរកម្មវិធីវិទ្យុ និងទូរទស្សន៍ ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងកិច្ចសហប្រតិបត្តិការផលិតភាពយន្ត និងឯកសារវីដេអូ។ សម្រាប់ការអនុវត្តជាក់ស្តែង ភាគីទាំងពីរបានឯកភាពលើការកំណត់អង្គភាពទំនាក់ទំនង និងអង្គភាពអនុវត្ត ដើម្បីសម្របសម្រួលការងារប្រចាំថ្ងៃ និងជំរុញសកម្មភាពសហប្រតិបត្តិការ។
ក្នុងនោះ រួមមាន កិច្ចសហប្រតិបត្តិការរវាង AKP និង BERNAMA លើការផ្លាស់ប្តូរព័ត៌មាន, កិច្ចសហប្រតិបត្តិការរវាង RNK, TVK និង RTM លើវិទ្យុ ទូរទស្សន៍ និងបច្ចេកវិទ្យាផ្សព្វផ្សាយ, កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយ IPPTAR, កិច្ចសហការជាមួយ MCMC លើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងកិច្ចសហការជាមួយ FINAS លើភាពយន្ត និងឯកសារវីដេអូ។
លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយក្រសួងទំនាក់ទំនងម៉ាឡេស៊ី ដើម្បីបម្លែងអនុស្សរណៈនេះឱ្យទៅជាសកម្មភាពជាក់ស្តែង មានលទ្ធផល និងមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Datuk Seri Fahmi Fadzil រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ពីឆន្ទៈរបស់ម៉ាឡេស៊ីក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជា ក្នុងវិស័យព័ត៌មាន ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ។ លោករដ្ឋមន្ត្រីបានឯកភាពចាត់ប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានម៉ាឡេស៊ី ដើម្បីបន្តកិច្ចពិភាក្សាបច្ចេកទេស។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យកិច្ចប្រជុំនេះរៀបចំជាលទ្ធផលសម្រាប់លោករដ្ឋមន្ត្រីជួបប្រជុំលើកទី១ តាមប្រព័ន្ធអនឡាញជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនេះ ដែលជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន៕